
តូក្យូ៖ ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះ ជប៉ុនបានរាយការណ៍ថា មានការរញ្ជួយដី ចំនួន ជាង៩០០លើក អង្រួនខ្សែសង្វាក់កោះដាច់ស្រយាល និងមានប្រជាជនតិច នាភាគខាងត្បូង ប្រទេស ធ្វើឱ្យអ្នកស្រុក ព្រួយបារម្ភជាខ្លាំង។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២ ខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក រញ្ជួយដីបានកើតមាន បន្តបន្ទាប់ នៅក្នុងសមុទ្រ ជុំវិញកោះនៃតំបន់ Tokara។ ជាក់ស្តែង កាលពីថ្ងៃពុធ ក៏មានរញ្ជួយដី កម្រិត៥.៥ រ៉ិចទ័រ វាយប្រហារ នៅទីនោះផងដែរ ប៉ុន្តែ មិនទាន់មានរបាយការណ៍ អំពីការខូចខាត និង មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ។ យ៉ាងណាមិញ អាជ្ញាធរ បានណែនាំអ្នកស្រុក ឱ្យរៀបចំជម្លៀស ប្រសិនបើចាំបាច់។
ជាការកត់សម្គាល់ មានមនុស្សប្រហែល ៧០០នាក់ រស់នៅលើកោះចំនួន៧ ក្នុងចំណោម១២កោះ នៃតំបន់ Tokara។ មិនមានមន្ទីរពេទ្យ នៅលើកោះឆ្ងាយៗ ទាំងនេះទេ ហើយត្រូវចំណាយពេល ជិះសាឡាង ៦ម៉ោង ទៅកាន់ទីក្រុង Kagoshima ដែលមានមន្ទីរពេទ្យ ជិតបំផុត សម្រាប់តំបន់នោះ។
អ្នកស្រុក បានប្រាប់ទូរទស្សន៍ MBC ថា ពួកគេខ្លាចណាស់ ហើយមិនអាចគេងលក់ បានទេ ព្រោះមានអារម្មណ៍ថា តែងតែញ័រ ហើយពេលខ្លះ បានឮសំឡេងគ្រហឹម ពីមហាសមុទ្រ មុនពេលការរញ្ជួយដី វាយប្រហារ ជាពិសេស នៅពេលយប់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឱ្យដឹងថា តំបន់ Tokara បានជួបប្រទះការរញ្ជួយដី ជាចង្កោម នាពេលកន្លងមក ប៉ុន្តែ ភាពញឹកញាប់ នៃការរញ្ជួយថ្មីបំផុតនេះ គឺមិនធម្មតា។
ជប៉ុនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដី ខ្លាំងបំផុត ដោយសារទីតាំង របស់ប្រទេសនេះ នៅលើអ្វី ដែលគេហៅថា Pacific Ring of Fire។ ជប៉ុន ជួបប្រទះការរញ្ជួយដី ប្រហែល ១,៥០០លើក ក្នុងមួយឆ្នាំ។
ការរញ្ជួយដីភាគច្រើន ដែលបានវាយប្រហារ ប្រទេសជប៉ុន មានលក្ខណៈស្រាល ប៉ុន្តែ មានមួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធំ ដូចជា ការរញ្ជួយដី កាលពីឆ្នាំ២០១១ ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ ចូលទៅក្នុងឆ្នេរសមុទ្រភាគឦសាន ដែលបានសម្លាប់មនុស្ស ជាង ១៨,០០០ នាក់។ ទោះជាយ៉ាងណាក៏ដោយ អស់ជាច្រើនទស្សវត្សរ៍មកនេះ អាជ្ញាធរបានភ័យខ្លាច អាចនឹងកើតមាន ការរញ្ជួយដីដ៏ធំមួយប្រចាំសតវត្ស នាពេលខាងមុខនេះ ដែលអាចនឹងសម្លាប់មនុស្ស រហូតដល់ជាង ៣០០.០០០នាក់៕
ប្រភពពី BBC