ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញនូវអ្វីដែលលោកបានហៅថាជា «ការព្រមានចុងក្រោយ» ទៅកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

 អន្តរជាតិ
 6 ថ្ងៃមុន
 51
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី៧ខែកញ្ញា បានប្រាប់ថា កិច្ចព្រមព្រៀងអាចសម្រេចបានក្នុងពេលឆាប់ៗ ដើម្បីរំដោះចំណាប់ខ្មាំងដែលត្រូវឃុំឃាំងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប មួយថ្ងៃបន្ទាប់ពីលោកបានចេញនូវអ្វីដែលលោកបានហៅថាជា «ការព្រមានចុងក្រោយ» ទៅកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ លោក ត្រាំ បានប្រាប់ថា «យើងកំពុងធ្វើការលើដំណោះស្រាយដែលប្រហែលជាល្អណាស់»។ លោកបានបដិសេធមិនចែករំលែកព័ត៌មានលម្អិតទេ ប៉ុន្តែបាននិយាយថា ការប្រកាសអាចនឹងមកដល់«ឆាប់ៗ»។ មុននេះ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា «អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ» ដោយជំរុញឲ្យក្រុមហាម៉ាសក៏ត្រូវទទួលយកលក្ខខណ្ឌនេះដូចគ្នា។ លោកបានមានប្រសាសន៍ថា «នេះគឺជាការព្រមានចុងក្រោយរបស់ខ្ញុំ ហើយនឹងមិនមានអ្វីផ្សេងទៀតឡើយ»។ ក្រោយមក ក្រុមហាម៉ាស បានបញ្ជាក់ថា ខ្លួនបានទទួលគំនិតថ្មីៗ តាមរយៈអ្នកសម្របសម្រួល និងកំពុងពិនិត្យលក្ខខណ្ឌទាំងនោះ។ ក្រុមនេះបានរំលឹកឡើងវិញថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ និងការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សា៕ ប្រភព៖ Reuters

អត្ថបទដោយ៖ kloem-news