ជនសង្ស័យចំនួន២៩នាក់ ក្មេងទំនើង ក្រុមចោរលួច កាប់ប្លន់ និងប្រើហិង្សា ត្រូវបានបង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

 សង្គម
 7 ថ្ងៃមុន
 25
ភ្នំពេញ៖​ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៥​ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់​ និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា​ ស្នងការរងនគបាលរាជធានីភ្នំពេញ​ ទទួលផែននគរបាលព្រហ្មទណ្ឌ​ បានឱ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​សហការជាមួយនគរបាល​ នៃអធិការដ្ឋានចំនួន៦​ រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល​ ខណ្ឌច្បារអំពៅ​ ខណ្ឌសែនសុខ​ និងខណ្ឌដូនពេញ​ បានធ្វើការស្រាវជ្រាវ ក្នុងរយៈពេល៣ថ្ងៃ​ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន ១០ករណីសរុបចំនួន ២៩នាក់ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា​ បានបញ្ជាក់ថា​ ក្នុងនោះមានករណីលួចចំនួន ៨ករណី​ ឃាត់បានចំនួន ៩នាក់,​ លួចមានស្ថានទម្ងន់ទោសកាប់យកស្លាកលេខម៉ូតូចំនួន ១ករណីឃាត់ខ្លួនបានចំនួន ៨នាក់,​ ហិង្សាដោយចេតនា​ ១ករណីឃាត់ខ្លួនបានចំនួន ៧នាក់​ និងធ្វើឲ្យខូចខាតចេតនា១ករណីឃាត់ខ្លួនចំនួន ៥នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា​ បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះសមត្ថកិច្ចបង្ក្រាបបានចំនួន​ ៣ក្រុម​ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២០ នាក់​ ក្នុងនោះ១ក្រុមវត្តកម្សាន្ត(WKS)​ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានចំនួន ៥នាក់​ បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាយប់ថ្ងៃទី ១៤​ ខែមករា​ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ហើយព្រឹកឡើងថ្ងៃទី១៥​ ខែមករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។​ ក្រុមធូបម៉ូស (TM),​ក្រុម(GK)​ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានចំនួន ៨នាក់​ កាលពីថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពកាលពីថ្ងៃទី៥​ ខែមករា។​ ចំណែកក្រុមទី៣​ គឺក្រុមប្លុកតូច(MT)បានធ្វើសកម្មភាព២ករណី​ ទី១.​ កាប់ម៉ូតូនិងកាត់ទៅលើជនរងគ្រោះកាលពីថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ​ PTT ផ្លូវណ័រប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (យកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវបណ្តាលឲ្យត្រូវទូលក់កាហ្វេបែកកញ្ចក់) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេយីហោតែ៨១​ សាខាឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។​ ក្រុមនេះធ្វើសកម្មភាពយ៉ាងសកម្មត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៧ នាក់។​ ចំណែកបក្ខពួកដែលនៅសេសសល់ទោះបីគេចទៅដល់កន្លែងណាសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបឲ្យដល់​ ឫសគល់តែម្ដង។ លោកវីរៈសេនីយ៍ឯក សំ​ វិច្ឆិកា​ អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងមានការចង្អុលបង្ហាញ​ និងបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី​ ស សុខា​ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ,​ លោក​ ជួន ណារិន្ទ​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជានគរបាលជំនាញធ្វើការសហការជាមួយនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបទប់ស្កាត់បានក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ជាច្រើនករណីហើយនៅដើមខែមករា​ ហើយធ្វើការបង្ហាញមុខជាសាធារណៈចំនួន ២លើក​ និងលើកនេះចំនួន ២៩នាក់ទៀត​ ក្នុងនោះមានករណីលួចមានស្ថានទម្ងន់ទោស​ និងករណីហិង្សាដោយចេតនា។ លោកវីរៈសេនីយ៍ឯក សំ​ វិច្ឆិកា បានឲ្យដឹងទៀតថា​ ក្នុងរយៈពេល ៦ខែចុងក្រោយនេះសមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលនៅតាមអធិការដ្ឋានបង្ក្រាបបទល្មើសបានចំនួន​ ៨៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន​ ៣៨៣នាក់​ ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ៣ករណី​ ឃាត់ខ្លួនបានចំនួន​ ២០នាក់​ និងបទល្មើសបច្ឆិមបង្ក្រាបបាន ចំនួន​ ៨៥ករណីឃាត់ខ្លួនចំនួន ៣៦៣នាក់៕

អត្ថបទដោយ៖ kloem-news